នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នា២០២១ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញសំណេះសំណាល និងលើកទឹកចិត្តក្រុមគ្រូពេទ្យ ក្រុមការងារស្រុកដំណាក់ចង្អើរ និងក្រុមប្រឹក្សាឃុំពងទឹក ដែលកំពុងបំពេញភារកិច្ចចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងឃុំពងទឹក នៅសាលាឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ក្នុងពិធីសំណេះសំណាលនោះដែរ ឯកឧត្តម បានលើកទឹកចិត្ត និងសំដែងការកោតសរសើរដល់ក្រុមគ្រូពេទ្យ និងក្រុមការងារទាំងអស់ ដែលបានរៀបចំកម្មវិធីចាក់វ៉ាក់សាំងស្របតាមការណែនាំរបស់គណៈកម្មាធិការជាតិចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ព្រមទាំងបានណែនាំដល់ប្រជាពលរដ្ឋដែលមកទទួលការចាក់វ៉ាក់សាំងត្រូវរស់នៅប្រកបដោយអនាម័យខ្ពស់ ត្រូវបន្តការពាក់ម៉ាស លាងដៃជាមួយអាកុល ជែល ឬសាប៊ូ រក្សាគំលាតសុវត្ថិភាព និងកុំទៅកន្លែងដែលមានមនុស្សអ៊ូអរច្រើន ជាពិសេស ត្រូវអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ ៣កុំ និង៣ការពារ ឲ្យបានគ្រប់ៗគ្នា ដើម្បីជៀសផុតពីការឆ្លងជំងឺដ៏កាចសាហាវនេះ។